អគ្គនាយកពន្ធដារ អំពាវដល់ប្រជាពលរដ្ឋបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន
ភ្នំពេញ៖ អគ្គនាយនៃអគ្គនាយករដ្ឋាពន្ធដារ អំពាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្តគ្រប់ប្រភេទ អញ្ជើញទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឲ្យបានរួសរាន់ ដោយសូមកុំចាំដល់ចុងខែដែលត្រូវបិទបញ្ចប់ ដែលនាំឲ្យខកខាន ឬការខកស្ទុះដោយប្រការណាមួយមិនបានបង់ពន្ធ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងក្នុងវេទិកាស្តីពីពន្ធដារ (Tax Forum 2023) រៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ សហការជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី នៅថ្ងៃទី ៦ខែកញ្ញាឆ្នាំ ២០២៣ នេះថា អគ្គនាយកដ្ឋានពន្ធដារ បានបង្កើត App មួយដែលមានឈ្មោះថា កម្មវិធីគណនាពន្ធមធ្យោបាយ សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ នឹងមានសេវាដឹកជញ្ជូនតាលកបត្រទៅដល់គេហដ្ឋានរបស់អស់លោកអ្នកផងដែរ។ App នេះ គឺបានផ្តល់នូវភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង់ពន្ធលើយានយន្តរបស់ខ្លួន ដោយមិនចំណាយពេលវេលាធ្វើដំណើរទៅទិញតាលកបត្រនោះឡើយ។
ឯកឧត្តម បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ទើបអនុវត្តបានជិត ៥០ ភាគរយប៉ុណ្ណោះ ដោយនៅមានចំនួនច្រើនទៀត។ បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់យានយន្ត សូមបញ្ជើញមកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឲ្យបានរួសរាន់ឲ្យបានមុនកាលកំណត់ នៅតាមសាខាពន្ធដារ ឬនៅតាមធនាគារជាដៃគូរក្តី ដែលការបង់ពន្ធនឹងត្រូវបញ្ចប់នៅចុងខែ វិច្ឆិការ ខាងមុខ។
សូមបញ្ជាក់ថា ជុំវិញការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ អនុវត្តការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ បានចំនួនជាង ៨៨ ម៉ឺនគ្រឿង សរុបជាថវិការមានចំនួនជាង ៤២២ ប៊ីលានរៀល ត្រូវប្រមាណជាង ១០៥ លានដុល្លារ ស្មើជាង ១៣០ ភាគរយនៃផែនការប្រចាំឆ្នាំ ៕ អត្ថបទ៖ សុន រ៉ាឌី


0 comments:
Post a Comment